តើអ្នកចូលចិត្តធ្វើអ្វីជាមួយមនុស្សដែលជិតស្និទ្ធនឹងអ្នកបំផុត?
តើការស្គាល់នរណាម្នាក់យ៉ាងច្បាស់ ជួយអ្នកឲ្យធ្វើអ្វីៗជាមួយគ្នាបានយ៉ាងណាខ្លះ?
សូមឲ្យព្រះជាម្ចាស់ចូលរួមក្នុងគ្រប់ផ្នែកនៃជីវិតយើង
មនុស្សដែលយើងស្គាល់ច្បាស់ គឺជាចំណែកមួយដ៏សំខាន់នៃជីវិតរបស់យើង។
ការពិភាក្សា: តើរូបភាពអំពីព្រះយេស៊ូយាងមកគង់ក្នុងជីវិតរបស់យើង មានអត្ថន័យបែបណា នៅក្នុង វិវរណៈ ៣:២០?
វិវរណៈ ៣:២០
«មើល៍ យើងឈរនៅមាត់ទ្វារ ទាំងគោះទ្វារទៀតផង ប្រសិនបើមានអ្នកណាម្នាក់ឮសំឡេងយើង ហើយបើកទ្វារឲ្យយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគរួមជាមួយអ្នកនោះ ហើយអ្នកនោះក៏នឹងបរិភោគរួមជាមួយយើងដែរ»។
ការគិតឆ្លុះបញ្ចាំង: តើព្រះជាម្ចាស់ចង់មានការចូលរួម និងស្និទ្ធស្នាលកម្រិតណាក្នុងជីវិតរបស់អ្នក?
មានកំណាព្យដ៏ពិរោះមួយមានចំណងជើងថា ដួងចិត្តខ្ញុំ ជាព្រះដំណាក់នៃព្រះគ្រិស្ដ ដែលនិយាយអំពីមនុស្សម្នាក់ដែលស្វាគមន៍ព្រះយេស៊ូចូលក្នុងជីវិតរបស់គាត់។ ពេលវេលាកន្លងផុតទៅ គាត់ដឹងថាព្រះយេស៊ូមិនគ្រាន់តែចង់ឈរនៅមាត់ទ្វារនៃដួងចិត្តគាត់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ចង់ចូលមកគ្រប់ផ្នែកនៃដួងចិត្តគាត់។ ព្រះយេស៊ូបានទទូចឲ្យគាត់អនុវត្តឲ្យទ្រង់ចូលមកគ្រប់ផ្នែកដែលកំពុងកើតឡើងនៅក្នុងដួងចិត្តគាត់។ ឧទាហរណ៍ ក្នុង «បន្ទប់ទទួលភ្ញៀវ» ព្រះយេស៊ូបានចូលរួមជាមួយក្រុមគ្រួសារ និងភ្ញៀវរបស់គាត់។ នៅក្នុង «ការិយាល័យ» ព្រះយេស៊ូមានឥទ្ធិពលលើអ្វីដែលគាត់អាន និងរបៀបដែលគាត់ធ្វើការ។ នៅក្នុង «បន្ទប់គេង» ព្រះយេស៊ូមានឥទ្ធិពលលើទំនាក់ទំនងផ្ទាល់ខ្លួនរបស់គាត់ និងជាបន្តបន្ទាប់ទៀត។
ការចែកចាយ: តើផ្នែកអ្វីខ្លះនៃជីវិតរបស់អ្នក ដែលត្រូវបានផ្លាស់ប្តូរដោយការស្គាល់ព្រះជាម្ចាស់? តើផ្លាស់ប្ដូរដោយរបៀបណា?
ការគិតឆ្លុះបញ្ចាំង: តើមានផ្នែកណាមួយនៃជីវិតរបស់អ្នក ដែលព្រះវត្តមានរបស់ព្រះជាម្ចាស់មិនទាន់បានប៉ះពាល់ដែរឬទេ?
រូបភាពអំពីព្រះជាម្ចាស់គង់នៅជាមួយយើងនេះ ក៏ត្រូវបានបង្ហាញនៅក្នុងព្រះគម្ពីរដោយប្រើពាក្យដូចជា «គង់នៅជាប់ជាមួយ» និង «គង់នៅក្នុង»។ ពាក្យទាំងនេះបង្ហាញអំពីព្រះជាម្ចាស់ដែលគង់នៅ និងនៅផ្ទះជាមួយយើង។ ទ្រង់សព្វព្រះហឫទ័យចង់រស់នៅជាមួយយើង។ នេះជាអ្វីដែលព្រះយេស៊ូបានធ្វើជាមួយពួកសិស្សរបស់ទ្រង់។ ម៉ាកុស ៣:១៤ ចែងថា «ព្រះអង្គតែងតាំងសាវ័កដប់ពីររូបឲ្យគេនៅជាមួយព្រះអង្គ...»។
ការគិតឆ្លុះបញ្ចាំង: តើអ្នកគិតថាអ្វីទៅជាគោលបំណងរបស់ព្រះយេស៊ូក្នុងការឲ្យពួកគេ «នៅជាមួយនឹងទ្រង់»?
ចូរបង្កើតទំនាក់ទំនងសេចក្ដីស្រលាញ់ជាមួយព្រះជាម្ចាស់
រូបភាពអំពីការនៅជាមួយនេះ ក៏ជាសេចក្ដីអធិស្ឋានរបស់លោកប៉ូល ដែលរកឃើញនៅ អេភេសូ ៣:១៧-១៩.
អេភេសូ ៣:១៧-១៩
ប៉ុលអធិស្ឋាន៖
សូមព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ គឺឲ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
ការរកឃើញ: តើអ្វីអាចឲ្យយើងមានបទពិសោធនូវព្រះវត្តមានរបស់ព្រះជាម្ចាស់យ៉ាងពេញលេញ?
ការគិតឆ្លុះបញ្ចាំង: តើជំនឿពាក់ព័ន្ធយ៉ាងណា នឹងការដែលព្រះគ្រិស្ដគង់នៅក្នុងចិត្តយើង?
ការចែកចាយ: តើអ្នកគិតថា អ្នកមានការយល់ដឹងយ៉ាងណាអំពីសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់?
ព្រះជាម្ចាស់ស្រឡាញ់យើង និងចង់ឲ្យយើងស្រឡាញ់ទ្រង់វិញ។ នេះជាអ្វីដែលព្រះជាម្ចាស់ចាត់ទុកជារឿងសំខាន់បំផុតក្នុងជីវិតរបស់យើង ដូចដែលព្រះយេស៊ូមានបន្ទូលនៅក្នុង ម៉ាថាយ ២២:៣៧-៣៨.
ម៉ាថាយ ២២:៣៧-៣៨
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «“ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា” ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ 39 រីឯបទបញ្ជាទីពីរក៏សំខាន់ដូចគ្នាដែរ “គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យដូចស្រឡាញ់ខ្លួនឯង”។
ការគិតឆ្លុះបញ្ចាំង: យើងមិនអាចបង្ខំមនុស្សឲ្យស្រឡាញ់យើងបានទេ ដូច្នេះ ហេតុអ្វីបានជាអ្នកគិតថាព្រះជាម្ចាស់បង្គាប់យើងឲ្យស្រឡាញ់ទ្រង់?
ការពិភាក្សា: តើការស្រលាញ់ព្រះជាម្ចាស់ដោយអស់ពីចិត្ត ព្រលឹង និងគំនិតរបស់យើងនឹងមានលក្ខណៈយ៉ាងណាក្នុងជីវិតប្រចាំថ្ងៃរបស់យើង?
នៅក្នុងវិវរណៈ ២:៤ ព្រះយេស៊ូសរសើរក្រុមជំនុំនៅក្រុងអេភេសូ សម្រាប់ការបម្រើរបស់ពួកគេ ប៉ុន្តែទ្រង់បានប្រាប់ពួកគេឲ្យផ្លាស់ប្តូរ ដោយសារពួកគេបាន «លែងមានចិត្តស្រឡាញ់ដូចអ្នកមាន កាលពីដើមដំបូង»។
ការពិភាក្សា: សូមពិចារណាពីភាពខុសគ្នារវាងការស្រលាញ់នរណាម្នាក់ ការស្រលាញ់គ្នា និងការធ្លាក់ក្នុងអន្លង់ស្នេហ៍។ តើព្រះជាម្ចាស់ចង់ឲ្យសេចក្ដីស្រលាញ់របស់យើងចំពោះទ្រង់មានលក្ខណៈដូចម្ដេច?
គំនិត និងសកម្មភាពរបស់ព្រះជាម្ចាស់ចំពោះយើង ហូរចេញពីសេចក្តីស្រលាញ់។ ដូចគ្នានេះដែរ អ្វីដែលយើងធ្វើគួរតែហូរចេញពីសេចក្តីស្រលាញ់របស់យើងចំពោះទ្រង់។ វានឹងកើតឡើង ប្រសិនបើយើងបណ្តុះទំនាក់ទំនងនៃសេចក្ដីស្រលាញ់នោះឡើង។
ការចែកចាយ: តើមានអ្វីខ្លះដែលបានជួយអ្នកឲ្យទទួលបទពិសោធនៃសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់កាន់តែពេញលេញ និងរីកចម្រើននៅក្នុងសេចក្តីស្រលាញ់របស់អ្នកចំពោះទ្រង់ ?
ការដាក់អាទិភាពលើការស្គាល់ព្រះជាម្ចាស់
នៅក្នុង លូកា ១០:៣៨-៤២ យើងបានអានអំពីនាងម៉ាថា ដែលបានស្វាគមន៍ព្រះយេស៊ូចូលក្នុងផ្ទះរបស់នាង។ នាង និងប្អូនស្រីរបស់នាងឈ្មោះម៉ារី បានឆ្លើយតបចំពោះព្រះវត្តមានរបស់ទ្រង់ខុសៗពីគ្នា។
លូកា ១០:៣៨-៤២
កាលព្រះយេស៊ូធ្វើដំណើរជាមួយពួកសិស្ស ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឲ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់* ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើន ដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមព្រះអង្គប្រាប់ឲ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖ «ម៉ាថា! ម៉ាថាអើយ! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
ការរកឃើញ: តើអ្វីទៅជាកង្វល់ដ៏ធំបំផុតរបស់នាងម៉ាថា? តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីរឿងនេះ?
ការរកឃើញ: តើព្រះយេស៊ូមានព្រះបន្ទូលយ៉ាងណាអំពីការផ្ដោតអារម្មណ៍របស់នាងម៉ារី?
ការគិតឆ្លុះបញ្ចាំង: តើព្រះយេស៊ូមានព្រះបន្ទូលយ៉ាងណាអំពីការឆ្លើយតបរបស់អ្នកចំពោះទ្រង់ដែលគង់នៅក្នុងផ្ទះរបស់អ្នក (ជីវិតរបស់អ្នក)?
ការពិភាក្សា: តើការកែតម្រូវដ៏ទន់ភ្លន់របស់ព្រះយេស៊ូចំពោះនាងម៉ាថា និងព្រះបន្ទូលរបស់ទ្រង់ «មានកិច្ចការតែមួយគត់ដែលចាំបាច់» ប្រាប់អ្វីដល់យើង អំពីរបៀបដែលព្រះជាម្ចាស់ចង់ឲ្យយើងឆ្លើយតបចំពោះទ្រង់?
យើងចំណាយពេលលើអ្វីដែលយើងឲ្យតម្លៃ។ នៅក្នុងគម្ពីរ ភីលីព ជំពូក ៣ សាវ័កប៉ូលនិយាយអំពីរឿងជាច្រើនដែលមនុស្សឲ្យតម្លៃ និងមានទំនុកចិត្តលើ ហើយគាត់បានប្រៀបធៀបរឿងទាំងនោះទៅនឹងការស្គាល់ព្រះជាម្ចាស់។ សូមអាន ភីលីព ៣:៧-៨.
ភីលីព ៣:៧-៨
ប៉ុន្តែ អ្វីៗដែលខ្ញុំធ្លាប់គិតថាមានតម្លៃសម្រាប់ខ្ញុំនោះ ខ្ញុំចាត់ទុកទាំងអស់ថាឥតបានការទៅវិញ ព្រោះតែព្រះគ្រិស្ត គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់ព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ដោយសារតែព្រះអង្គ ខ្ញុំសុខចិត្តខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាម ឲ្យតែខ្ញុំបានព្រះគ្រិស្ត
ការរកឃើញ: តើលោកប៉ូលឲ្យតម្លៃយ៉ាងណា លើការស្គាល់ព្រះជាម្ចាស់?
ការគិតឆ្លុះបញ្ចាំង: នៅក្នុងជីវិតរបស់អ្នក តើការស្គាល់ព្រះគ្រិស្ដប្រៀបធៀបនឹងអ្វីដែលអ្នកឲ្យតម្លៃ ឬអ្វីដែលសង្គមឲ្យតម្លៃយ៉ាងដូចម្ដេច?
ការចែកចាយ: តើអ្នកអាចកែប្រែអ្វីខ្លះក្នុងជីវិត ដើម្បីដាក់អាទិភាពលើការស្គាល់ព្រះជាម្ចាស់?
ការឆ្លុះបញ្ចាំងអំពីព្រះជាម្ចាស់
នៅពេលដែលយើងស្រលាញ់នរណាម្នាក់ ហើយចំណាយពេលជាមួយពួកគេ នោះយើងមានលក្ខណៈប្រែក្លាយដូចជាពួកគេ ៖ យើងនិយាយដូចគេ
មានកាយវិការដូចគេ ហើយចាប់ផ្តើមគិតដូចគេ។ នេះក៏កើតឡើងដែរ ពេលយើងស្គាល់ព្រះជាម្ចាស់កាន់តែស្និទ្ធស្នាលឡើងៗ។ សូមអាន ២ កូរិនថូស ៣:១៨។
២ កូរិនថូស ៣:១៨
យើងទាំងអស់គ្នាដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់ព្រះអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចព្រះអង្គ គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាព្រះហស្ដរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់ ។
ការរកឃើញ: តើយើងត្រូវបានផ្លាស់ប្រែទៅជាយ៉ាងណា?
ការរកឃើញ: តើរឿងនេះកើតឡើងដោយរបៀបណា?
[ចំណាំ ៖ អត្ថបទគម្ពីរនេះចែងពីបទពិសោធរបស់លោកម៉ូសេ ដែលផ្ទុយពីបទពិសោធរបស់យើង។ មុខរបស់គាត់បានឆ្លុះបញ្ចាំងពីសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅពេលណាដែលគាត់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ បន្ទាប់មកវារសាត់បន្តិចម្តងៗបន្ទាប់ពីគាត់បានចាកចេញពីទ្រង់។ ឥឡូវនេះ យើងមានព្រះវត្តមានរបស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក្នុងជីវិតយើងជានិច្ច ដោយទ្រង់បន្តផ្លាស់ប្រែយើងឲ្យមានលក្ខណៈទៅតាមអង្គទ្រង់។]
ការពិភាក្សា: តើការស្គាល់ព្រះជាម្ចាស់កាន់តែស្និទ្ធស្នាលនឹងធ្វើឲ្យរបៀបដែលអ្នកឆ្លុះបញ្ចាំងពីទ្រង់ មានលក្ខណៈយ៉ាងណាដែរ?
១ ពេត្រុស ១:១៥-១៦ និង ១ យ៉ូហាន ២:៦ ចែងអំពីរបៀបដែលយើងត្រូវរស់នៅ។
១ ពេត្រុស ១:១៥-១៦
ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ*យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធ*ក្នុងគ្រប់កិច្ចការ ដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា៖ «អ្នករាល់គ្នាត្រូវតែវិសុទ្ធ* ព្រោះយើងវិសុទ្ធ» ។
១ យ៉ូហាន ២:៦
គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។
ការរកឃើញ: តើយើងមានស្តង់ដារ និងគំរូអ្វីសម្រាប់ជីវិតរបស់យើង?
ការពិភាក្សា: តើការសិក្សាព្រះគម្ពីរមានសារៈសំខាន់យ៉ាងណាដើម្បីឲ្យស្គាល់ព្រះជាម្ចាស់ជានរណា និងរបៀបដែលព្រះយេស៊ូបានរស់នៅ?
ការចែកចាយ: តើមានលក្ខណៈអត្តចរិតអ្វីរបស់ព្រះជាម្ចាស់ ឬអ្វីមួយពីជីវិតរបស់ព្រះយេស៊ូ ដែលមានឥទ្ធិពលលើរបៀបរស់នៅរបស់អ្នក? តើមានការផ្លាស់ប្តូរអ្វីខ្លះបានកើតឡើង?
ការរកឃើញ: យោងតាម ២ កូរិនថូស ៣:១៨ តើព្រះជាម្ចាស់ធ្វើឲ្យការផ្លាស់ប្ដូរទាំងនេះកើតឡើងនៅក្នុងជីវិតយើងដោយរបៀបណា?
ការគិតឆ្លុះបញ្ចាំង: នេះប្រហែលជាពិបាកឆ្លើយ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនបានឆ្លុះបញ្ចាំងពីព្រះជាម្ចាស់ទេ តើមានអ្វីដែលរារាំងការណ៍នោះ?
បំណងចិត្តចង់ឲ្យបានគាប់ព្រះហឫទ័យព្រះជាម្ចាស់
ការចម្រើនឡើងនៅក្នុងការកាន់តែស្គាល់ព្រះជាម្ចាស់ និងស្រលាញ់ទ្រង់ សុទ្ធតែជាផ្នែកសំខាន់នៃការប្រែក្លាយ មានចិត្តកាន់តែដូចជាទ្រង់។ សូមអាន កូឡូស ១:៩-១០.
កូឡូស ១:៩-១០
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។
ការរកឃើញ: តើការស្គាល់ព្រះជាម្ចាស់ និងព្រះហឫទ័យរបស់ទ្រង់ បំពាក់បំប៉នយើងឲ្យធ្វើអ្វីខ្លះ?
ការគិតឆ្លុះបញ្ចាំង: តើយើងបានក្លាយជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ដោយរបៀបណា?
អេភេសូ ២:៨-៩ ធានាដល់យើងថា ព្រះជាម្ចាស់ទទួលយកយើងដោយផ្អែកលើព្រះគុណរបស់ទ្រង់ មិនមែនដោយការប្រព្រឹត្តរបស់យើងទេ។ (យើងនឹងស្វែងយល់ពីការណ៍ដែលព្រះជាម្ចាស់ទទួលយកយើង កាន់តែច្បាស់នៅក្នុងប្រធានបទបន្ទាប់ អំពីអត្តសញ្ញាណរបស់យើងក្នុងព្រះគ្រិស្ដ។) ប៉ុន្តែ អេភេសូ ២:១០ ចែងថា ការប្រព្រឹត្តល្អ ត្រូវក្លាយជាចំណែកមួយនៃជីវិតរស់នៅរបស់យើង។
អេភេសូ ២:៨-៩
ព្រះអង្គសង្គ្រោះបងប្អូនដោយសារព្រះគុណ តាមរយៈជំនឿ។ ការសង្គ្រោះមិនមែនមកពីបងប្អូនទេ គឺជាព្រះអំណោយទានរបស់ព្រះជាម្ចាស់ ហើយក៏មិនមែនមកពីមនុស្សប្រព្រឹត្តអំពើល្អដែរ ដើម្បីកុំឲ្យនរណាម្នាក់អួតខ្លួនបាន។
អេភេសូ ២:១០
ការចែកចាយ: តើមានរបៀបអ្វីខ្លះ ដែលព្រះជាម្ចាស់បានបំពាក់បំប៉នអ្នកសម្រាប់ការប្រព្រឹត្តល្អ?
នៅពេលដែលយើងស្រលាញ់នរណាម្នាក់ យើងចង់ធ្វើឲ្យគេពេញចិត្ត។ នៅក្នុង យ៉ូហាន ១៤:២៣ព្រះយេស៊ូមានបន្ទូលថា «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។» លោកយ៉ូហានរម្លឹកយើងអំពីព្រះបន្ទូលនេះ នៅក្នុង ១ យ៉ូហាន ២:៣-៤.
យ៉ូហាន ១៤:២៣
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ»។
១ យ៉ូហាន ២:៣-៤
ប្រសិនបើយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ នោះទើបយើងដឹងថា យើងបានស្គាល់ ព្រះអង្គមែន។ អ្នកណាពោលថា «ខ្ញុំស្គាល់ព្រះអង្គហើយ» តែមិនកាន់តាមបទបញ្ជារបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
ការរកឃើញ: នៅពេលយើងស្គាល់ព្រះជាម្ចាស់ តើនឹងនាំឲ្យមានលទ្ធផលបែបណាក្នុងជីវិតយើង?
ការពិភាក្សា: ការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដមានន័យថា យើងកាន់តាមបទបញ្ញត្តិរបស់ទ្រង់។ បើយើងមិនកាន់តាម តើវាបង្ហាញយ៉ាងណាអំពីជីវិតរបស់យើង? តើយើងអាចធ្វើអ្វីបានអំពីរឿងនោះ?
នៅពេលដែលយើងស្គាល់ព្រះជាម្ចាស់ សេចក្តីស្រលាញ់របស់យើងចំពោះទ្រង់នឹងកើនឡើង ហើយជំរុញយើងឲ្យផ្គាប់ព្រះហឫទ័យទ្រង់ដោយធ្វើតាមអ្វីដែលទ្រង់មានបន្ទូល។
នៅពេលយើងអានព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់ពីព្រះបំណង និងបទបញ្ញត្តិរបស់ទ្រង់ យើងគួរសួរសំណួរថា «តើព្រះជាម្ចាស់កំពុងតែចង្អុលប្រាប់អ្វីមួយ ដែលទ្រង់ចង់ឲ្យខ្ញុំធ្វើ ឬមានការផ្លាស់ប្តូរណាមួយដែលទ្រង់ចង់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំដែរឬទេ?»
ការបន្តឆ្ពោះទៅមុខ
ការបញ្ជាក់: តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?
ការសង្ខេប: តើការស្គាល់ព្រះជាម្ចាស់ ផ្លាស់ប្ដូររបៀបដែលអ្នករស់នៅដោយរបៀបណា?
ការអនុវត្ត: ចេញពីការពិភាក្សារបស់យើងនៅថ្ងៃនេះ តើព្រះជាម្ចាស់កំពុងចង្អុលប្រាប់អ្វីមួយដែលទ្រង់ចង់ឲ្យអ្នកធ្វើ ឬការផ្លាស់ប្តូរណាមួយដែលទ្រង់ចង់ធ្វើនៅក្នុងជីវិតរបស់អ្នកដែរឬទេ? តើមានអ្វីដែលអ្នកចង់សុំទ្រង់ឲ្យជួយអ្នកក្នុងការអនុវត្តដែរឬទេ?
ការចែកចាយបន្ត: តើអ្នកអាចចែកចាយថាតើព្រះជាម្ចាស់មានន័យខ្លាំងប៉ុណ្ណាចំពោះអ្នក ទៅកាន់នរណាដែរ?
ការពង្រឹង:
នៅពេលអ្នកអានអត្ថបទគម្ពីរទាំងនេះ សូមគិតអំពីរបៀបដែលការស្គាល់ព្រះជាម្ចាស់នឹងធ្វើឲ្យសេចក្ដីស្រលាញ់របស់អ្នកចំពោះទ្រង់កាន់តែស៊ីជម្រៅ និងមានឥទ្ធិពលលើជីវិតរបស់អ្នក។
អេភេសូ ៣:១៤-២១
ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំ ព្រះបិតា ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី សូមព្រះអង្គមេត្តាប្រោសឲ្យបងប្អូន មានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។ សូមព្រះគ្រិស្តគង់នៅក្នុងចិត្តបងប្អូនដោយជំនឿ និងសូមឲ្យបងប្អូនបានចាក់ឫសយ៉ាងមាំមួនក្នុងសេចក្ដីស្រឡាញ់ ដើម្បីឲ្យបងប្អូនមានសមត្ថភាពអាចយល់ រួមជាមួយប្រជាជនដ៏វិសុទ្ធ*ទាំងមូល នូវទទឹង បណ្ដោយ ជម្រៅ និងកម្ពស់ គឺឲ្យបងប្អូនស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ត ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់អាចធ្វើអ្វីៗទាំងអស់ហួសពីសេចក្ដីសុំ និងហួសពីអ្វីៗដែលយើងនឹកគិត ដោយសារឫទ្ធានុភាពរបស់ព្រះអង្គដែលបំពេញសកម្មភាពនៅក្នុងយើង សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គក្នុងក្រុមជំនុំ និងក្នុងព្រះគ្រិស្តយេស៊ូ នៅគ្រប់ជំនាន់ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។
កូឡូស ១:៩-១២
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។
ទំនុកតម្កើង ១១៦:១-១៩
ខ្ញុំស្រឡាញ់ព្រះអម្ចាស់
ដ្បិតទ្រង់ព្រះសណ្ដាប់សំឡេង
ដែលខ្ញុំទទូចអង្វរ
ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ខ្ញុំ
អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះអង្គ។
មច្ចុរាជបានរួបរឹតខ្ញុំ
ធ្វើឲ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។
ពេលនោះ ខ្ញុំបានអង្វររកព្រះនាមព្រះអម្ចាស់ថា៖
ឱព្រះអម្ចាស់អើយ
សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង!
ព្រះអម្ចាស់តែងតែប្រណីសន្ដោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យ
អាណិតមេត្តា។
ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ
បានសុខសាន្ត។
ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ
ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។
ខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់
ក្នុងពិភពមនុស្សលោកនេះ។
ខ្ញុំនៅតែមានជំនឿដដែល
ទោះបីខ្ញុំពោលថា ខ្ញុំជាមនុស្សវេទនា។
ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា
យើងមិនអាចទុកចិត្តលើមនុស្ស
ណាម្នាក់បានឡើយ។
តើខ្ញុំអាចយកអ្វីមកតបស្នង
នឹងព្រះគុណទាំងប៉ុន្មាន
ដែលព្រះអម្ចាស់បានសម្តែងមកលើរូបខ្ញុំ?
ខ្ញុំនឹងលើកពែងឡើងថ្វាយព្រះអម្ចាស់
ដែលបានរំដោះខ្ញុំ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ។
ព្រះអម្ចាស់ព្រួយព្រះហឫទ័យណាស់
នៅពេលប្រជាជនដ៏វិសុទ្ធណាម្នាក់ស្លាប់។
ឱព្រះអម្ចាស់អើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ដូចម្ដាយរបស់ទូលបង្គំដែរ
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់។
ទូលបង្គំសូមថ្វាយយញ្ញបូជា
ដើម្បីអរព្រះគុណព្រះអង្គ
ខ្ញុំនឹងអង្វររកព្រះនាមរបស់ព្រះអម្ចាស់។
ខ្ញុំនឹងយកតង្វាយមកថ្វាយព្រះអម្ចាស់
តាមពាក្យដែលខ្ញុំបានសន្យា
នៅចំពោះមុខប្រជាជនទាំងមូលរបស់ព្រះអង្គ
គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់
ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។
ហាលេលូយ៉ា!
សុភាសិត ៣:៥-៦
កុំពឹងលើការចេះដឹងរបស់ខ្លួនឡើយ តែត្រូវទុកចិត្តលើព្រះអម្ចាស់ទាំងស្រុង។ ចូរនឹកដល់ព្រះអម្ចាស់ក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះព្រះអង្គនឹងត្រួសត្រាយផ្លូវរបស់កូន។
អេភេសូ ៥:១-២១
សូមបងប្អូនយកតម្រាប់តាមព្រះជាម្ចាស់ចុះ ព្រោះបងប្អូនជាបុត្រធីតាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ចូររស់នៅដោយមានចិត្តស្រឡាញ់ ដូចព្រះគ្រិស្តបានស្រឡាញ់យើង ហើយបានបូជាព្រះជន្មសម្រាប់យើង ទុកជាតង្វាយថ្វាយព្រះជាម្ចាស់ និងទុកជាយញ្ញបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ដោយបងប្អូនជាប្រជាជនដ៏វិសុទ្ធ* មិនត្រូវឲ្យមានឮនិយាយអំពីការប្រាសចាកសីលធម៌ អបាយមុខគ្រប់យ៉ាង ឬការលោភលន់ក្នុងចំណោមបងប្អូនសោះឡើយ ហើយក៏មិនត្រូវពោលពាក្យទ្រគោះបោះបោក ពាក្យឡេះឡោះ ឬពាក្យអាសអាភាសដែរ ព្រោះពាក្យទាំងនេះមិនសមរម្យទេ ផ្ទុយទៅវិញ ត្រូវពោលពាក្យអរព្រះគុណព្រះជាម្ចាស់។ ចូរដឹងឲ្យច្បាស់ថា អ្នកប្រាសចាកសីលធម៌ អ្នកប្រព្រឹត្តអំពើអបាយមុខ និងអ្នកលោភលន់ដែលយកទ្រព្យសម្បត្តិធ្វើជាព្រះ មិនអាចទទួលមត៌កក្នុងព្រះរាជ្យ*របស់ព្រះគ្រិស្ត និងរបស់ព្រះជាម្ចាស់បានជាដាច់ខាត។ សូមកុំឲ្យនរណាម្នាក់បោកបញ្ឆោតបងប្អូន ដោយពាក្យសម្ដីឥតខ្លឹមសារសោះឡើយ ព្រោះអំពើទាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់ព្រះពិរោធនឹងពួកអ្នកប្រឆាំងព្រះអង្គ។ ដូច្នេះ សូមកុំសេពគប់ជាមួយពួកគេជាដាច់ខាត។
កាលពីដើម បងប្អូនងងឹតមែន ប៉ុន្តែ ឥឡូវនេះ បងប្អូនជាពន្លឺ ដោយបានរួមជាមួយព្រះអម្ចាស់ ដូច្នេះ ចូររស់នៅឲ្យសមជាមនុស្សដែលមានពន្លឺក្នុងខ្លួនទៅ។ ផលនៃពន្លឺនោះគឺសេចក្ដីសប្បុរស សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់បែបយ៉ាង។ ត្រូវរិះគិតមើលឲ្យដឹងថា ការណាគាប់ព្រះហឫទ័យព្រះអម្ចាស់ ហើយមិនត្រូវចូលរួមក្នុងការប្រព្រឹត្តអំពើឥតផលប្រយោជន៍ ដែលមកពីសេចក្ដីងងឹតនោះឡើយ សូវបើកមុខអំពើទាំងនោះឲ្យគេឃើញ។ ចំពោះអំពើណាដែលគេប្រព្រឹត្តដោយលួចលាក់ សូម្បីតែយកមកនិយាយ ក៏គួរឲ្យខ្មាសណាស់ទៅហើយ។ ប៉ុន្តែ កាលណាអំពើទាំងនោះបានបើកមុខហើយ វានឹងលេចចេញមកឲ្យគេឃើញច្បាស់នៅក្រោមពន្លឺ ដ្បិតអំពើណាដែលលេចមកឲ្យគេឃើញហើយនោះ បានប្រែទៅជាពន្លឺ។ ហេតុនេះហើយបានជាមានថ្លែងទុកមកថា:
«អ្នកដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងចេញពីចំណោមមនុស្សស្លាប់ ព្រះគ្រិស្តនឹងភ្លឺចាំងមកលើអ្នក»។
ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលបងប្អូនរស់នៅឲ្យមែនទែន មិនត្រូវកាន់មារយាទដូចមនុស្សឥតប្រាជ្ញាឡើយ គឺត្រូវកាន់មារយាទដូចមនុស្សមានប្រាជ្ញាវិញ។ ត្រូវចេះប្រើប្រាស់ពេលវេលា ដ្បិតសម័យនេះអាក្រក់ណាស់។ ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ កុំស្រវឹងស្រា ព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយព្រះវិញ្ញាណ។ ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើង។ បងប្អូនដែលកោតខ្លាចព្រះគ្រិស្ត ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
យេរេមា ៩:២៣-២៤
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញា
អ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំង
ហើយអ្នកមានក៏មិនត្រូវអួត
ព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
បើអ្នកណាចង់អួតខ្លួន
ត្រូវអួត ព្រោះតែការចេះដឹង និងស្គាល់យើង
ជាព្រះអម្ចាស់ ដែលសម្តែងសេចក្ដីសប្បុរស
សេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។
មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត »
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។