ជំនឿដែលចម្រើនឡើង

Logo Only in White

១.២ ការផ្លាស់ប្រែគំនិតជាថ្មី៖ ការស្គាល់ព្រះជាម្ចាស់ ផ្លាស់ប្ដូរបៀបដែលខ្ញុំគិត

តើ​អ្នក​មាន​អារម្មណ៍បែប​ណា ​ពេល​នៅ​ជាមួយ​មនុស្ស​​ដែល​អ្នក​ចាត់​ទុក​ថា​គួរ​ឱ្យ​ទុក​ចិត្ត?

តើអ្នកនឹងជួបការលំបាកអ្វីខ្លះ​ក្នុងការទុកចិត្តមនុស្សដែលអ្នកមិនស្គាល់?

ការស្គាល់ព្រះជាម្ចាស់ ជួយឲ្យយើង​កាន់តែទុកចិត្ដលើទ្រង់​

យេរេមា ១៧:៧-៨ បង្ហាញរូបភាពដល់យើង​ថា តើយើងអាចមានលក្ខណៈយ៉ាងណា នៅពេលដែលយើងស្គាល់ព្រះជាម្ចាស់ និងរៀនទុកចិត្តលើទ្រង់។

យេរេមា ១៧:៧-៨

រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក
ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន!
អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ
ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ
វា​មិន​ខ្លាច​កម្ដៅ
ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។
នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ
គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។

(អានបន្ថែម

ការចែកចាយ: តើមានចំណុចអ្វីខ្លះ ដែលធ្វើឲ្យអ្នកចាប់អារម្មណ៍លើរូបភាពនេះ?

ការរកឃើញ: តើអ្វីដែលធ្វើឲ្យយើង​មានលក្ខណៈដូចជាដើមឈើនោះ?

ការគិតឆ្លុះបញ្ចាំង: តើ​អ្វី​ដែល​អ្នក​​រៀន​អំពី​ព្រះជាម្ចាស់ ​មាន​ឥទ្ធិពលយ៉ាងណា​លើ​បំណងចិត្តរបស់អ្នកក្នុងការទុកចិត្តលើទ្រង់?​

នៅពេល​យើងកាន់តែមានចំណេះដឹងអំពីព្រះជាម្ចាស់ យើង​អាច​នឹង​ដឹង​ថា ​យើង​មាន​គំនិត​ខុសឆ្គង​ខ្លះ​អំពី​ទ្រង់។ ពួកសិស្សក៏ធ្លាប់មានរឿងនេះដែរ ដែល​​ព្រះ​យេស៊ូ​មាន​បន្ទូល​នៅក្នុង​ពេល​ជួប​ព្យុះ​នៅ​សមុទ្រ​កាលីឡេ។

សូមអាន ម៉ាកុស ៤:៣៧-៤១.

ម៉ាកុស ៤:៣៧-៤១

ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង ហើយ​រលក​ក៏​បោក​ប៉ះ​នឹង​ទូក បណ្ដាល​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ។ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។ ព្រះ‌យេស៊ូ​តើន​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​បញ្ជា​សមុទ្រ​ថា៖ «ស្ងប់​ស្ងៀម​ទៅ!»។ ពេល​នោះ ខ្យល់​ព្យុះ​ក៏​ស្ងប់ ហើយ​ផ្ទៃ​ទឹក​ក៏​រាប​ស្មើ​ដែរ។
បន្ទាប់​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ? អ្នក​រាល់​គ្នា​មិន​ទាន់​មាន​ជំនឿ​ទេ​ឬ?»។ ពួក​គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​លោក​នេះ​ជា​នរណា​បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ​ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។

(អានបន្ថែម)

ការរកឃើញ: ក្នុង​ពេលជួប​​ព្យុះ តើ​ពួក​សិស្ស​បាន​ចោទព្រះ​យេស៊ូ​ថាដូចម្ដេច?

ការចែកចាយ: តើធ្លាប់មានពេល​ដែលអ្នកមានអារម្មណ៍ថា ព្រះយេស៊ូ​មិនខ្វល់ពីទុក្ខលំបាកដែលអ្នកកំពុងជួបប្រទះទេ?

ការរកឃើញ: តើ​ព្រះ​យេស៊ូបាន​ស្ដី​បន្ទោស​ពួក​សិស្ស​ដោយ​សារ​អ្វី?

ការគិតឆ្លុះបញ្ចាំង: តើ​ការ​ចោទ​ប្រកាន់ និង​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ​បង្ហាញ​ពី​ការ​ខ្វះ​ជំនឿ​យ៉ាង​ដូច​ម្ដេច?

ការគិតឆ្លុះបញ្ចាំង: តើ​​​ប្រតិកម្ម និងសំណួររបស់ពួកគេថា «​តើ​លោកនេះ​ជា​នរណា​?» ប្រាប់យើងយ៉ាងណា អំពីអ្វី​ដែលពួកគេ​យល់អំពីព្រះយេស៊ូ​នៅពេលនោះ?

ការពិភាក្សា: តើ​ការ​ស្គាល់​ទ្រង់ឲ្យបានកាន់តែច្បាស់ ​អាច​ផ្លាស់​ប្តូរ​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​ព្យុះ​យ៉ាងណាដែរ?

ពួក​សិស្ស​បាន​នៅ​ជា​មួយ ​ព្រះ​យេស៊ូ​អស់មួយ​រយៈមកហើយ​។ ពួកគេ​បាន​ឃើញ​ទ្រង់​ប្រោស​មនុស្ស​ជា​ច្រើនឲ្យជា ហើយ​បាន​ឮ​ទ្រង់​បង្រៀន ប៉ុន្តែ​ពួកគេ​នៅ​មានសេចក្ដី​ជាច្រើនទៀតដែលត្រូវរៀន​អំពី​ទ្រង់។

ការចែកចាយ: តើអ្នកគិតថា ទស្សនៈរបស់អ្នកចំពោះព្រះជាម្ចាស់ពេញលេញប៉ុណ្ណា? តើ​អ្នក​គិត​ថា ទស្សនៈនេះ​​ប៉ះពាល់​ដល់​ការ​ទុក​ចិត្ត​របស់​អ្នក​លើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

ការស្គាល់ពីអត្តចរិត និងលក្ខណៈរបស់ព្រះជាម្ចាស់ អាចឲ្យយើងដឹងថា ទ្រង់ស័ក្តិសមឲ្យយើងទុកចិត្តទ្រង់​។

ការស្គាល់ព្រះជាម្ចាស់ ផ្ដល់ឲ្យយើងនូវគ្រឹះមូលដ្ឋានដ៏រឹងមាំ

ការស្គាល់ព្រះជាម្ចាស់ ហើយជ្រើសរើសជឿទុកចិត្តលើទ្រង់ ផ្តល់ការធានាដល់យើង​នៅក្នុងជីវិតរស់នៅ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។

សូមអាន រ៉ូម ៨:២៨​-​២៩.

រ៉ូម ៨:២៨​-​២៩

យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។

(អានបន្ថែម)

ការរកឃើញ: តើ​យើង​មាន​ការ​ធានា​អ្វី​ខ្លះ ​ចំពោះ​គ្រប់​កាលៈទេសៈ និង​ស្ថានការណ៍​ក្នុង​ជីវិត​របស់​យើង?

ការរកឃើញ: តើ​រឿង​​ពីរ​យ៉ាង​ដែល​ព្រះជាម្ចាស់បានប្ដេជ្ញាថានឹងប្រទានមកក្នុងជីវិតយើងមានអ្វីខ្លះ?​

ពេល​យើង​ជួប​ការ​លំបាក វា​អាច​ជា​ការ​ពិបាក​ក្នុង​ការងាកទៅកាន់ព្រះជាម្ចាស់ ហើយ​ទុក​ចិត្ត​លើសេចក្ដី​សន្យា​របស់​ទ្រង់។ ការដឹងជាមុនថា តើសន្តិសុខរបស់យើងមកពីណា ជួយឲ្យយើងឈរយ៉ាងរឹងមាំបាន។

សូមមើល រ៉ូម ៨:៣១, ៣៥, ៣៧-៣៩.

រ៉ូម ៨:៣១, ៣៥, ៣៧-៣៩

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? . . . តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? . . . ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

(អានបន្ថែម)

ការរកឃើញ: តើ​ខគម្ពីរ​ទាំង​នេះ​បង្ហាញថា ព្រះជាម្ចាស់​​គ្រប់​គ្រងលើ​​អ្វីៗ​ទាំង​អស់​យ៉ាង​ដូច​ម្ដេច?

ការគិតឆ្លុះបញ្ចាំង: តើ​នេះ​ធ្វើឲ្យអ្នកយល់ឃើញយ៉ាងណា ​អំពី​កាលៈទេសៈ​បច្ចុប្បន្ន​ និង​អនាគត​របស់​អ្នក?

ការចែកចាយ: តើ​សេចក្ដីនេះ​ផ្ដល់​ក្ដី​សង្ឃឹមយ៉ាងណា ​ក្នុង​ពេលអ្នកជួបទុក្ខលំបាក? តើអ្នកធ្លាប់មានបទពិសោធ​បែបនេះទេ?

ការគិតឆ្លុះបញ្ចាំង: តើ ​រ៉ូម ជំពូក ៨ ដោះស្រាយនឹងការ​សង្ស័យ​ក្នុង​ចិត្ត​របស់​អ្នក​យ៉ាង​ណា ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ព្រះជាម្ចាស់​ចំពោះ​អ្នក និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​អ្នក?

ព្រះជាម្ចាស់មិនបានធានាដល់យើងថា ជីវិតនេះនឹង​​គ្មាន​ការ​លំបាក​នោះ​ទេ ប៉ុន្តែ​ទ្រង់ធានាដល់យើង​ថា «ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស ព្រះអង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្ន ព្រះអង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត លើ​ព្រះអង្គ» (ណាហ៊ូម ១:៧).

ការចែកចាយ: តើអ្នក​គិត​ថា ហេតុអ្វីបានជាពេល​ខ្លះ​យើង​ងាក​ទៅ​រក​ទីពឹងពីអ្វីផ្សេង​​ជំនួស​ព្រះអម្ចាស់ ពេល​យើង​ជួប​នឹង​ទុក្ខលំបាក?

នៅ​យ៉ូហាន ជំពូក ៦ មនុស្សជាច្រើនបានងាកចេញពីការដើរតាមព្រះយេស៊ូ​។ ពួកគេ​មិន​ព្រម​ទុក​ចិត្ត​លើ​ទ្រង់ ពេល​មាន​ការ​លំបាក។ សូមមើលពីរបៀបដែលលោកពេត្រុសបានឆ្លើយតបនៅក្នុង យ៉ូហាន ៦:៦៧-៦៩

យ៉ូហាន ៦:៦៧-៦៩

ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។

(អានបន្ថែម)

ការរកឃើញ: តើអ្វីដែលបានធ្វើឲ្យលោកពេត្រុសនៅជាមួយព្រះយេស៊ូ?

ការគិតឆ្លុះបញ្ចាំង: តើអ្វីដែលធ្វើឲ្យអ្នកមានចិត្តរឹងប៉ឹងក្នុងការទុកចិត្តលើព្រះយេស៊ូ?

ការស្គាល់ព្រះជាម្ចាស់ផ្លាស់ប្ដូរទស្សនៈរបស់យើងចំពោះកាលៈទេសៈផ្សេងៗ

ការស្គាល់ព្រះជាម្ចាស់ និងជ្រើសរើសទុកចិត្ត​លើទ្រង់ អាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំធេងនៅក្នុងរបៀបដែលយើងឆ្លើយតបទៅនឹងអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើង។ សូម​មើលពីរបៀបដែលយើងអាចយកការយល់​ដឹងអំពីព្រះជាម្ចាស់ និងការធានារបស់ទ្រង់មកអនុវត្តក្នុង​កាលៈទេសៈរបស់យើង។

អេសាយ ២៦:៣-៤ ពន្យល់ពីសេចក្ដីនេះ។

អេសាយ ២៦:៣-៤

ព្រះអង្គ​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ជានិច្ច​និរន្តរ៍
ដល់​ប្រជា‌ជាតិ​នេះ
ព្រោះ​គេ​មាន​ជំហរ​រឹង‌ប៉ឹង
ហើយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ។
ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់​ជានិច្ច​ចុះ!
ដ្បិត​ព្រះ‌អម្ចាស់​ជា​ថ្ម‌ដា​ដែល​នៅ​ស្ថិត‌ស្ថេរ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

(អានបន្ថែម)

ការរកឃើញ: តើព្រះជាម្ចាស់សន្យាយ៉ាងដូចម្ដេច នៅពេលយើងផ្ដោតចិត្តគំនិតលើទ្រង់?

ការពិភាក្សា: តើ​ការ​រក្សាចិត្ត​គំនិត​យើង ​«​ឲ្យផ្ដោតនៅ​ជាប់​» ​នឹងព្រះជាម្ចាស់​មាន​ន័យ​យ៉ាង​ណា? តើយើងអាចធ្វើកិច្ចការនោះបានដោយរបៀបណា?

ការរកឃើញ: តើ​អ្វី​ជា​ការ​ពិត​អំពី​ព្រះជាម្ចាស់ ​ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​នូវសេចក្ដីសុខសាន្ដ និងភាពស្ថិតស្ថេរ​?

គុណសម្បត្តិ និងលក្ខណៈទាំងអស់របស់ព្រះជាម្ចាស់​មានឥទ្ធិពល និងប៉ះពាល់ដល់ជីវិតរបស់យើង។ សូមមើលពីរបៀបដែលអ្នកសរសេរ ទំនុកតម្កើង ៩៣ អនុវត្តការពិតអំពីព្រះជាម្ចាស់​ចំពោះស្ថានភាពរបស់គាត់ និងអនុវត្តការរក្សាចិត្ត​គំនិតរបស់គាត់ឲ្យនៅជាប់នឹងព្រះអម្ចាស់ ៖

ទំនុកតម្កើង ៩៣:១-៤

1 ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ
ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង
ព្រះ‌អម្ចាស់​ប្រកប​ទៅ​ដោយ​ព្រះ‌ចេស្ដា
ដូច្នេះ ផែនដី​នឹង​បាន​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។

2 បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​យ៉ាង​មាំ
តាំង​ពី​ដើម​រៀង​មក
ព្រះអង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ
តាំង​ពី​អស់‌កល្ប​ជានិច្ច។

3 ឱ​ព្រះ‌អម្ចាស់​អើយ
មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង
មហា‌សាគរ​ទាំង‌ឡាយ​បន្លឺ​សំឡេង​ឡើង
យ៉ាង​គគ្រឹក‌គគ្រេង។

4 ក៏​ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ
ព្រះ‌អម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គ‌ឧត្ដម
ព្រះអង្គ​មាន​មហិទ្ធិ‌ឫទ្ធិ​ខ្លាំង
ជាង​សំឡេង​មហា‌សាគរ
ព្រះអង្គ​មាន​បារមី​ខ្លាំង​ជាង
រលក​សមុទ្រ​ទៅ​ទៀត។

(អានបន្ថែម)

ការរកឃើញ: យោង​តាម ខ ១-២ តើ​ភាពរុងរឿង និងព្រះចេស្ដា​របស់​ព្រះអម្ចាស់​មាន​ឥទ្ធិពល​លើ​ពិភពលោក​យ៉ាង​ដូចម្ដេច​? រយៈពេលយូរប៉ុណ្ណា?

ការពិភាក្សា: នៅ ខ ៣ តើហាក់ដូចជាមានអ្វីកើតឡើង?

ការចែកចាយ: តើមាន «ទឹកជំនន់» ដែលបានជន់ឡើង​ក្នុងជីវិតរបស់អ្នក ឬទុក្ខលំបាកណាមួយដែល «បន្លឺសំឡេងឡើង» ដាក់អ្នកទេ?

ការរកឃើញ: តើ​គាត់​ប្រកាស​អ្វី​ខ្លះ​អំពី​ព្រះជាម្ចាស់​នៅ​ ខ ៤?

ការគិតឆ្លុះបញ្ចាំង: តើ​ការ​ផ្ដោត​ថា​ព្រះជាម្ចាស់​ជា​នរណា (ខ ១-២) ប៉ះពាល់​ដល់​ទស្សនៈ​របស់​អ្នក​សរសេរ (ខ ៤) យ៉ាងដូចម្ដេច ពេល​គាត់​ប្រឈម​មុខ​នឹង​ទឹក​ជំនន់​នៃ​ជីវិត (ខ ៣)​?

នៅពេលដែល «ទឹកជំនន់» កំពុងប៉ះពាល់ដល់ជីវិតរបស់យើង វាអាចងាយឲ្យយើងផ្ដោតអារម្មណ៍លើ​។ នោះ​ហើយ​ជា​ពេល​ដែល​យើង​ត្រូវ​បង្វែរ​​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​លើ​សេចក្ដី​ពិត​ថាព្រះជាម្ចាស់​​ជា​នរណា។ វាជួយប្រាប់ពីអ្វីដែលយើងដឹងអំពីព្រះជាម្ចាស់ និងរបៀបដែលវាប៉ះពាល់ដល់ស្ថានភាពរបស់យើង។

​ឧទាហរណ៍ យោងតាម អេសាយ ២៦:៣-៤ អ្នកអាចនិយាយបានថា : ដោយសារតែព្រះជាម្ចាស់ជាថ្មដាដែលនៅស្ថិតស្ថេរ ខ្ញុំអាចទទួលបានសេចក្ដីសុខសាន្ដជានិច្ចនិរន្តរ៍។

ការពិភាក្សា៖ តើអ្នកអាចបង្កើតប្រយោគ​អ្វីខ្លះ យោងតាម ទំនុកតម្កើង ៩៣? (ដោយ​សារ​តែ​ព្រះជាម្ចាស់ជា _____ ខ្ញុំ​អាច / ខ្ញុំ​ជា / ខ្ញុំ​នឹង _____ ។ )

ការ​ជ្រើសរើស​ជឿ​នូវ​អ្វី​ដែល​យើង​ដឹង​អំពី​ព្រះជាម្ចាស់ ​អាច​ឲ្យ​យើង​យល់​ពី​ទ្រង់ និង​របៀប​ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ជីវិត​របស់​យើង។ បន្ទាប់​មក យើង​រៀន​បកស្រាយ​កាលៈទេសៈ​ ដោយស្របតាមសេចក្ដីពិតថាតើព្រះជាម្ចាស់ជានរណា​។

ការស្គាល់ព្រះជាម្ចាស់ ពង្រឹងសេចក្តីស្រឡាញ់របស់យើងចំពោះទ្រង់

តើ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​នេះ: «មនុស្សមិនអាចមានចិត្តស្រលាញ់អ្វីដែលគំនិតគេមិនដឹងនោះទេ​»?

ធ្លាប់មានគេសួរព្រះយេស៊ូថាតើអ្វីទៅជាបទបញ្ញត្តិសំខាន់បំផុត។ ទ្រង់​មាន​​បន្ទូលតប​ថា៖ «ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា។»

ការគិតឆ្លុះបញ្ចាំង: តើ​អ្នក​គិត​ថា ​ការ​ស្រឡាញ់​ព្រះ​ជាម្ចាស់ឲ្យអស់ពីចិត្ត​​គំនិត ដូចដែល​​ព្រះយេស៊ូ​​មាន​បន្ទូល​នៅ​ក្នុង ម៉ាថាយ ២២:៣៦-៣៧ មានន័យដូចម្ដេច?

ម៉ាថាយ ២២:៣៦​-​៣៧

«លោក​គ្រូ! ក្នុង​ក្រឹត្យ‌វិន័យ* តើ​មាន​បទ‌បញ្ជា​ណា​សំខាន់​ជាង​គេ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «“ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ត​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា”

(អានបន្ថែម)

សូមមើលពីរបៀបដែលព្រះជាម្ចាស់អញ្ជើញយើងឲ្យមានបទពិសោធអំពីទ្រង់នៅ ទំនុកតម្កើង ៣៤:៨.

ទំនុកតម្កើង ៣៤:៨

ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​ឯង​ចុះ
ដើម្បី​ឲ្យ​ដឹង​ថា​ព្រះ‌អម្ចាស់
មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​លើស‌លុប!
អ្នក​ណា​ពឹង​ផ្អែក​លើ​ព្រះអង្គ
អ្នក​នោះ​មាន​សុភមង្គល​ហើយ!។

(អានបន្ថែម)

ការរកឃើញ: តើ​ខគម្ពីរ​នេះ​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​អ្វី​ជា​លទ្ធផល​ដែល​បាន​សន្យា?

ការគិតឆ្លុះបញ្ចាំង: តើយើងអាចភ្លក់មើល (ពិសោធមើល) ថា​ព្រះជាម្ចាស់ជានរណា ដោយរបៀបណា?

នៅពេលយើងស្គាល់ព្រះជាម្ចាស់ យើងឃើញថាទ្រង់មិនត្រឹមតែស័ក្តិសមឲ្យយើងទុកចិត្ត​ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ស័ក្ដិសមឲ្យយើងស្រលាញ់ទ្រង់ដែរ​។

ការស្គាល់ព្រះជាម្ចាស់ ពង្រឹង​យើងក្នុងការធ្វើ​សកម្មភាព

ហេប្រឺ ១១ ពណ៌នាអំពីមនុស្សជាច្រើនដែលបានស្គាល់ និងជឿទុកចិត្តលើព្រះជាម្ចាស់។ មនុស្សមួយចំនួនបានធ្វើរឿងដ៏អស្ចារ្យសម្រាប់ទ្រង់ ហើយអ្នកផ្សេងទៀតប្រឈមមុខនឹងទុក្ខលំបាកមិនធម្មតា។ អ្វីដែលធ្វើឲ្យមានភាពខុសប្លែកនៅក្នុង​​ជីវិត​របស់​ពួកគេ​គឺ​ការ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ជា​នរណា និង​អ្វី​ដែល​ទ្រង់​អាច​ធ្វើបាន។ សូមអាន ដានីយ៉ែល ១១:៣២ខ

ដានីយ៉ែល ១១:៣២

. . . ប៉ុន្តែ ប្រជា‌ជន​ដែល​ស្គាល់​ព្រះ‌ជាម្ចាស់​នឹង​កាន់​ចិត្ត​រឹង‌ប៉ឹង។

(អានបន្ថែម)

ការរកឃើញ: តើ​មានរបៀបពីរយ៉ាងអ្វីខ្លះ ​ដែល​ការ​ស្គាល់​ព្រះ​ជាម្ចាស់អាច​ធ្វើ​ឲ្យ​មានភាពខុសប្លែក​​ក្នុង​ជីវិត​របស់​អ្នក?

ការចែកចាយ: តើ​មាន​ស្ថានភាព​ក្នុង​ជីវិត​របស់​អ្នក​ឥឡូវ​នេះ ​ដែល​អ្នក​ត្រូវ​ឈរ​ឲ្យ​រឹង​មាំ ឬ​ឈាន​ជើង​ចេញ​ដោយ​​​ជំនឿដែរឬទេ?

ការគិតឆ្លុះបញ្ចាំង: តើគុណសម្បត្ដិ ឬសមត្ថភាពអ្វីខ្លះរបស់ព្រះជាម្ចាស់​ ដែលនឹងជួយអ្នកឲ្យពឹងផ្អែកលើទ្រង់ក្នុងស្ថានភាពដែលអ្នកកំពុងជួប?

• សេចក្ដីស្រលាញ់ និងការទុកចិត្តរបស់យើងចំពោះព្រះជាម្ចាស់ អាស្រ័យថាតើយើងស្គាល់ទ្រង់បានច្បាស់ប៉ុណ្ណា។

• អ្វី​ដែល​យើង​ជឿ​អំពីព្រះជាម្ចាស់ ​មាន​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ចូល​ទៅ​កាន់​ទ្រង់ និងការរស់នៅរបស់យើង​។

• ហើយដូចជាការពាក់វ៉ែនតា ដើម្បីមើលឲ្យឃើញ​ច្បាស់ ការយល់ដឹងអំពីព្រះជាម្ចាស់​ជាកញ្ចក់វ៉ែនតា ដែល​យើងប្រើដើម្បីមើលអំពីជីវិត និងបកស្រាយកាលៈទេសៈនានា។

យើងនឹងរីកចម្រើននៅក្នុងផ្នែកទាំងនេះ នៅពេលដែលយើងចំណាយពេលជាមួយព្រះជាម្ចាស់ ក្នុងការសិក្សាព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកធ្វើដូច្នេះ សូមចាំថា ត្រូវសួរសំណួរ៖ «តើការគិតរបស់ខ្ញុំនឹងខុសពីនេះយ៉ាងណា ប្រសិនបើវាត្រូវបានផ្លាស់ប្រែ​ដោយសេចក្ដីពិតនេះ?”

ការបន្តឆ្ពោះទៅមុខ

ការបញ្ជាក់: តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះ?

ការសង្ខេប: តើ​អ្វី​ដែល​យើង​រៀន​អំពី​ព្រះជាម្ចាស់ ​ជួយផ្លាស់ប្រែ​​គំនិត​យើងជាថ្មី ហើយ​​ឲ្យ​យើង​មានទស្សនៈដូចជា​ទ្រង់ ​ចំពោះ​ជីវិត​យ៉ាង​ដូចម្ដេច​?

ការអនុវត្ត: តើ​អ្នក​អាចឈាន​ជំហាន​អ្វី​ខ្លះ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ព្រះជាម្ចាស់​​កាន់​តែ​ច្បាស់ ទុក​ចិត្ត​ទ្រង់​កាន់​តែខ្លាំង ឈរ​យ៉ាង​រឹង​មាំ​ក្នុង​ជំនឿ​ និង​ធ្វើសកម្មភាព?

ការចែកចាយបន្ត: តើអ្នកអាចប្រាប់អ្នកណា អំពីរបៀបដែលការស្គាល់ព្រះជាម្ចាស់បានផ្លាស់ប្តូររបៀបដែលអ្នកមើលឃើញស្ថានភាពរបស់អ្នក?

ការពង្រឹង:

ពេល​អ្នក​អាន​អត្ថបទគម្ពីរ​ទាំង​នេះ សូមរកមើល​អ្វី​ដែល​អត្ថបទទាំងនេះ​ប្រាប់​អ្នក​អំពី​ព្រះជាម្ចាស់។ ចូរ​សុំ​ទ្រង់​ឲ្យ​ដកចេញនូវ​ទស្សនៈ​ខុស​ទាំងឡាយ​ដែល​អ្នក​​​មានអំពីទ្រង់។

យេរេមា ១៧:៥​-​៨

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា
ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស
ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍
ដោយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់
ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!
គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន
នៅ​តាម​ព្រៃ​ល្បោះ
គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។
គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួត‌ហែង
ក្នុង​វាល​រហោ‌ស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ
និង​គ្មាន​មនុស្ស​នៅ។
រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់
និង​យក​ព្រះអង្គ​ធ្វើ​ជា​បង្អែក
ពិត​ជា​ទទួល​ព្រះ‌ពរ​មិន​ខាន!
អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ
ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក
ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក​ហូរ
វា​មិន​ខ្លាច​កម្ដៅ
ហើយ​ស្លឹក​របស់​វា​នៅ​ខៀវ​ខ្ចី​ជានិច្ច។
នៅ​ពេល​រាំង​ស្ងួត វា​មិន​ព្រួយ​បារម្ភ​អ្វី​ទេ
គឺ​វា​នៅ​តែ​បង្កើត​ផ្លែ​ផ្កា​ដដែល។

(អានបន្ថែម)

រ៉ូម ៨:១៨-៣៩

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នា​បច្ចុប្បន្ន‌កាល​ពុំ​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌រុងរឿង ដែល​ព្រះ‌ជា‌ម្ចាស់​សម្តែង​ឲ្យ​យើង​ឃើញ នៅ​អនាគត‌កាល​នោះ​ឡើយ។ អ្វីៗ​សព្វ​សារពើ​ដែល​ព្រះអង្គ​បង្កើត​មក កំពុង​តែ​អន្ទះ‌អន្ទែង ទន្ទឹង​រង់‌ចាំ​ពេល​ដែល​ព្រះ‌ជា‌ម្ចាស់​នឹង​បង្ហាញ​បុត្រ​របស់​ព្រះអង្គ ដ្បិត​អ្វីៗ​ទាំង​អស់​នោះ​បែរ​ទៅ​ជា​ឥត​ន័យ​ តែ​មិន​មែន​ដោយ​ចិត្ត​ឯង​ទេ គឺ​ព្រះ‌ជា‌ម្ចាស់​បាន​តម្រូវ​ដូច្នេះ។ ពិភព​លោក​នៅ​តែ​មាន​សង្ឃឹម​ថា ព្រះអង្គ​នឹង​លោះ​ឲ្យ​រួច​ផុត​ពី​វិនាស​អន្តរាយ​ ដើម្បី​ឲ្យ​មាន​សេរី‌ភាព និង​សិរី‌រុងរឿង​នៃ​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់ ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។ មិន​ត្រឹម​តែ​ពិភព​លោក​ប៉ុណ្ណោះ​ទេ សូម្បី​តែ​យើង ដែល​បាន​ទទួល​ព្រះ‌អំណោយ​ទាន​ដំបូង​របស់​ព្រះ‌វិញ្ញាណ ក៏​ថ្ងូរ​ក្នុង​ចិត្ត ទាំង​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជា‌ម្ចាស់ ប្រោស​យើង​ឲ្យ​ទៅ​ជា​បុត្រ​របស់​ព្រះអង្គ និង​លោះ​រូប​កាយ​យើង​ទាំង​ស្រុង​ដែរ ដ្បិត​យើង​បាន​ទទួល​ការ​សង្គ្រោះ តែ​ក្នុង​សេចក្ដី​សង្ឃឹម​ប៉ុណ្ណោះ។ ប្រសិន​បើ​យើង​បាន​ ​អ្វី​ដែល​យើង​សង្ឃឹម​ចង់​បាន នោះ​មិន​មែន​ហៅ​ថា​សង្ឃឹម​ទៀត​ទេ ព្រោះ​អ្វីៗ​ដែល​យើង​បាន​ហើយ តើ​យើង​សង្ឃឹម​ចង់​បាន​ដូច​ម្ដេច​ទៀត!។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​អ្វីៗ ដែល​យើង​មិន​ទាន់​មាន នោះ​យើង​ទន្ទឹង​រង់‌ចាំ​ដោយ​ចិត្ត​ព្យាយាម។

យ៉ាង​ណា‌មិញ ព្រះ‌វិញ្ញាណ​ក៏​យាង​មក​ជួយ​យើង​ដែល​ទន់​ខ្សោយ​នេះ​ដែរ ដ្បិត​យើង​ពុំ​ដឹង​អធិស្ឋាន*​ដូច​ម្ដេច ដើម្បី​ឲ្យ​សម​នោះ​ឡើយ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ទ្រង់​ទូល‌អង្វរ​ឲ្យ​យើង ដោយ​ព្រះ‌សូរសៀង​ដែល​គ្មាន​នរណា​អាច​ថ្លែង​បាន។ រីឯ​ព្រះ‌ជា‌ម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​មនុស្ស ព្រះអង្គ​ជ្រាប​ព្រះ‌បំណង​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល‌អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏វិសុទ្ធ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។
យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឲ្យ​អស់​អ្នក​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​បាន​ទទួល​ផល​ល្អ​ គឺ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ ព្រះអង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឲ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀម‌ច្បង ក្នុង​បណ្ដា​បងប្អូន​ជា​ច្រើន។ អស់​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឲ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឲ្យ​គេ​មាន​សិរី‌រុងរឿង​ដែរ។

បើ​ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច​ទៀត​អំពី​សេចក្ដី​ទាំង​នេះ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​កាន់​ខាង​យើង​ហើយ តើ​នរណា​អាច​នឹង​ចោទ​ប្រកាន់​យើង​បាន? ព្រះអង្គ​ពុំ​បាន​ទុក​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ទេ គឺ​ព្រះអង្គ​បាន​បញ្ជូន​ព្រះ‌បុត្រា​នោះ​មក​សម្រាប់​យើង​ទាំង​អស់​គ្នា បើ​ដូច្នេះ ព្រះអង្គ​មុខ​ជា​ប្រណី‌សន្ដោស​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌បុត្រា​នោះ​ដែរ។ តើ​នរណា​អាច​ចោទ​ប្រកាន់​អស់​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស បើ​ព្រះអង្គ​ប្រោស​គេ​ឲ្យ​សុចរិត​ហើយ​នោះ? តើ​នរណា​អាច​ដាក់​ទោស​គេ​បាន បើ​ព្រះគ្រិស្ត‌យេស៊ូ​បាន​សោយ​ទិវង្គត ហើយ​ជា​ពិសេស ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គង់​នៅ​ខាង​ស្ដាំ​ព្រះ‌បិតា និង​ទូល‌អង្វរ​ឲ្យ​យើង​ដូច្នេះ? តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌គ្រិស្ត​បាន? ទុក្ខ​វេទនា ឬ​ការ​តប់‌ប្រមល់ អន្ទះ‌អន្ទែង ការ​បៀត‌បៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀក‌បំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់? ដូច​មាន​ចែង​ទុក​មក​ថា:

«ព្រោះ​តែ​ព្រះអង្គ
យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច
គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ
យក​ទៅ​សម្លាប់»។

ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យ‌ជម្នះ​លើស​ពី​អ្នក​មាន​ជ័យ‌ជម្នះ​ទៅ​ទៀត ដោយ​ព្រះ‌អម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។ ខ្ញុំ​ជឿ​ជាក់​ថា ទោះ​បី​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ទេវតា*​ក្ដី វត្ថុ​ស័ក្ដិ‌សិទ្ធិ​នានា​ក្ដី បច្ចុប្បន្ន‌កាល​ក្ដី អនាគត‌កាល​ក្ដី អំណាច​នានា​ក្ដី អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

(អានបន្ថែម)

ទំនុកតម្កើង ២៧:១​-​១៤

ទំនុក​របស់​ស្ដេច​ដាវីឌ។

ព្រះ‌អម្ចាស់​ជា​ពន្លឺ និង​ជា​ព្រះ‌សង្គ្រោះ​ខ្ញុំ
ខ្ញុំ​មិន​ភ័យ​ខ្លាច​នរណា​ឡើយ!
ព្រះ‌អម្ចាស់​ជា​ទី​ជម្រក​របស់​ជីវិត​ខ្ញុំ
ខ្ញុំ​ក៏​មិន​តក់‌ស្លុត​ចំពោះ​នរណា​ដែរ។

ពេល​ពួក​អ្នក​ប្រព្រឹត្ត​អាក្រក់
គឺ​បច្ចា‌មិត្ត និង​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
នាំ​គ្នា​ចូល​មក​ជិត ដើម្បី​រក​ប្រហារ​ជីវិត​ខ្ញុំ
អ្នក​ទាំង​នោះ​បែរ​ជា​ត្រូវ​ជំពប់​ដួល​ទៅ​វិញ។

រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ
ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ
ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ
ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជានិច្ច។

ខ្ញុំ​ទូល​សូម​ព្រះ‌អម្ចាស់​នូវ​សេចក្ដី​តែ​មួយ​គត់
ហើយ​ខ្ញុំ​ប្រាថ្នា​ចង់​បាន​តែ​សេចក្ដី​នេះ​ឯង
គឺ​ឲ្យ​បាន​ស្នាក់​នៅ​ក្នុង​ព្រះ‌ដំណាក់
របស់​ព្រះ‌អម្ចាស់​អស់​មួយ​ជីវិត
ដើម្បី​កោត​ស្ញប់‌ស្ញែង​ភាព​ថ្កុំ‌ថ្កើង​រុងរឿង
របស់​ព្រះ‌អម្ចាស់
និង​ថ្វាយ‌បង្គំ​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ

ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន
ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ
ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា
ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

ព្រះអង្គ​លើក​មុខ​ខ្ញុំ​ឡើង​ឲ្យ​ខ្ពស់​ជាង​ខ្មាំង​សត្រូវ
ដែល​នៅ​ជុំ‌វិញ​ខ្ញុំ
ខ្ញុំ​នឹង​ថ្វាយ​យញ្ញ‌បូជា​នៅ​ក្នុង​ព្រះ‌ពន្លា
របស់​ព្រះអង្គ ទាំង​ស្រែក​ដោយ​អំណរ
ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង
ថ្វាយ​ព្រះ‌អម្ចាស់។

ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ
សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ
និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។
8ចិត្ត​ទូលបង្គំ​នឹក​ដល់​ព្រះ‌បន្ទូល
ដែល​ព្រះអង្គ​ថ្លែង​ថា «ចូរ​ស្វែង​រក​យើង»
នោះ​ទូលបង្គំ​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ!
ទូលបង្គំ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ហើយ!
9សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ
សូម​កុំ​ព្រះ‌ពិរោធ
ហើយ​បណ្តេញ​អ្នក​បម្រើ​របស់​ព្រះអង្គ!
ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ
សូម​កុំ​លះ‌បង់​ទូលបង្គំ!
ឱ​ព្រះ‌សង្គ្រោះ​ទូលបង្គំ​អើយ
សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ!។
10ទោះ​បី​ឪពុក‌ម្ដាយ​របស់​ទូលបង្គំ
បាន​បោះ​បង់​ទូលបង្គំ​ចោល​ក៏​ដោយ
ក៏​ព្រះ‌អម្ចាស់​នៅ​តែ​ទទួល​ទូលបង្គំ​ជានិច្ច!។

ឱ​ព្រះ‌អម្ចាស់​អើយ!
សូម​បង្រៀន​ទូលបង្គំ
ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ
សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់
ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។
សូម​កុំ​បណ្តោយ​ឲ្យ​ទូលបង្គំ​ធ្លាក់
ទៅ​ក្នុង​កណ្ដាប់​ដៃ​បច្ចា‌មិត្ត​របស់​ទូលបង្គំ​ឡើយ
ដ្បិត​មាន​សាក្សី​ក្លែង‌ក្លាយ
មក​និយាយ​មួល​បង្កាច់​ទូលបង្គំ
អ្នក​ទាំង​នោះ​ពោល​សុទ្ធ​តែ​ពាក្យ​ឃោរ‌ឃៅ។

ខ្ញុំ​ជឿ​ជាក់​ថា​នៅ​ក្នុង​លោក​នេះ
ខ្ញុំ​នឹង​ឃើញ​សុភមង្គល​មក​ពី​ព្រះ‌អម្ចាស់
ជា​មិន​ខាន!។
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់!
ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង!
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់​ចុះ!។

(អានបន្ថែម)

យ៉ូហាន ៦:២៦-៦៩

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។ កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ​ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់​គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក»។ គេ​ទូល​សួរ​ព្រះអង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ? បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន* ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះអង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក” »។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ* មក​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។ គេ​នាំ​គ្នា​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។ ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។ អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ខ្ញុំ ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះអង្គ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។

ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។ គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។ ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់” ។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះអង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។ សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះអង្គ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។ រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។ ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំ ផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។ សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។ អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។ ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះអង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។ អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ​នឹង​រស់​នៅ​អស់‌កល្ប​ជានិច្ច»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះអង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។

ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ? ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា? មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះអង្គ​រួច​ស្រេច​ទៅ​ហើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​ឡើយ»។

ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។ ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។ លោក​ស៊ីម៉ូន​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្ដល់​ជីវិត​អស់‌កល្ប​ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះអង្គ​ពិត​ជា​ព្រះ​ដ៏វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឲ្យ​មក »។

(អានបន្ថែម)

ទំនុកតម្កើង ៥៧:១-១១

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ បទ «សូម​កុំ​បំផ្លាញ»។ ទំនុក​របស់​ស្ដេច​ដាវីឌ នៅ​គ្រា​ដែល​ទ្រង់​ភៀស​ព្រះអង្គ​ចេញ​ពី​ស្ដេច​សូល​ទៅ​ពួន​នៅ​រូង​ភ្នំ។

សូម​អាណិត​មេត្តា​ទូលបង្គំ
ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​អាណិត​មេត្តា​ទូលបង្គំ​ផង
ដ្បិត​ទូលបង្គំ​មក​ពឹង​ផ្អែក​លើ​ព្រះអង្គ
ទូលបង្គំ​មក​ជ្រក​កោន​ក្រោម​ម្លប់​ព្រះ‌បារមី​របស់​ព្រះអង្គ
រហូត​ទាល់​តែ​ទុក្ខ​លំបាក​នេះ​កន្លង​ផុត​ទៅ។
ខ្ញុំ​បាន​ស្រែក​រក​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
គឺ​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​មក​ខ្ញុំ
នូវ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ការ។
ពី​ស្ថាន​បរម‌សុខ
សូម​ព្រះអង្គ​ប្រទាន​ការ​សង្គ្រោះ​មក​ខ្ញុំ
សូម​ព្រះអង្គ​វាយ​ប្រហារ​អស់​អ្នក
ដែល​បៀត‌បៀន​ខ្ញុំ
សូម​ព្រះ‌ជាម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា
និង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ។

ខ្មាំង​សត្រូវ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ជុំ‌វិញ​ខ្ញុំ
អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ
ដែល​ប្រុង​ស៊ី​សាច់​មនុស្ស
ធ្មេញ​របស់​គេ​ប្រៀប​ដូច​ជា​លំពែង និង​ព្រួញ
អណ្ដាត​របស់​គេ​ជា​ដាវ​ដ៏​មុត។

ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះអង្គ
ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់ទូលបង្គំ
ធ្វើ​ឲ្យ​ទូលបង្គំ​ព្រួយ​ចិត្ត​ជា​ខ្លាំង។
ពួក​គេ​បាន​ជីក​រណ្ដៅ​នៅ​ពី​មុខ​ទូលបង្គំ
តែ​ខ្លួន​គេ​ផ្ទាល់​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ។
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ
ឱ​ព្រះ‌ជាម្ចាស់​អើយ
ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទាំង​ស្រុង
ទូលបង្គំ​នឹង​ច្រៀង
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ។
ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង!
ឱ​ឃឹម និង​ពិណ​របស់​ខ្ញុំ​អើយ
ចូរ​បន្លឺ​សំឡេង​ឡើង
ខ្ញុំ​នឹង​ដាស់​ព្រះ‌អាទិត្យ​ឲ្យ​រះ។
ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​នឹង​លើក​តម្កើង
ព្រះអង្គ​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង‌ឡាយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ
ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ
ខ្ពស់​រហូត​ដល់​ផ្ទៃ​មេឃ
ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
ខ្ពស់​ដល់​អាកាស‌វេហាស៍។

ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង
ឧត្តុង្គ‌ឧត្ដម​របស់​ព្រះអង្គ​នៅ​លើ​ផ្ទៃ​មេឃ
ហើយ​សូម​ឲ្យ​សិរី‌រុងរឿង​របស់​ព្រះអង្គ
ភ្លឺ​ចែង​ចាំង​នៅ​លើ​ផែនដី​ទាំង​មូល។

(អានបន្ថែម)

ហេប្រឺ ១១:១​-​៤០

ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។ ដូច្នេះ ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្តិ៍‌ឈ្មោះ​ល្អ។
ដោយ‌សារ​ជំនឿ យើង​យល់​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។

ដោយ‌សារ​ជំនឿ លោក​អេបិល​បាន​ថ្វាយ​យញ្ញ‌បូជា​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ជា​យញ្ញ‌បូជា​ប្រសើរ​ជាង​យញ្ញ‌បូជា​របស់​លោក​កាអ៊ីន។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ផ្ដល់​សក្ខីភាព​ថា លោក​ជា​មនុស្ស​សុចរិត។ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​របស់​លោក ហើយ​ដោយ‌សារ​ជំនឿ ទោះ​បី​លោក​អេបិល​ស្លាប់​បាត់​ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​មាន​ប្រសាសន៍​នៅ​ឡើយ។
ដោយ‌សារ​ជំនឿ លោក​ហេណុក​ត្រូវ​ព្រះ‌ជាម្ចាស់​លើក​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ផុត​ពី​សេចក្ដី​ស្លាប់ ហើយ​គ្មាន​នរណា​រក​លោក​ឃើញ​ទៀត​ឡើយ ព្រោះ​ព្រះអង្គ​បាន​លើក​លោក​ឡើង​ទៅ។ មុន​ពេល​ព្រះអង្គ​លើក​លោក​ឡើង​ទៅ​នោះ លោក​បាន​ទទួល​សក្ខីភាព​ថា ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក។ បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់​ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​ព្រះ‌ជាម្ចាស់​មែន ហើយ​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។
ដោយ‌សារ​ជំនឿ លោក​ណូអេ​បាន​ទទួល​ដំណឹង​ពី​ព្រះ‌ជាម្ចាស់​អំពី​ហេតុ‌ការណ៍ ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ លោក​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ដោយ‌សារ​ជំនឿ លោក​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​ស្ដាប់​បង្គាប់​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​លោក ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​លោក​នឹង​ទទួល​ទុក​ជា​មត៌ក។ លោក​ចេញ​ដំណើរ​ទៅ ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។ ដោយ‌សារ​ជំនឿ លោក​បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ថា​នឹង​ប្រទាន​ឲ្យ គឺ​លោក​បាន​បោះ​ជំរំ​នៅ​ជា​មួយ​លោក​អ៊ីសាក និង​លោក​យ៉ាកុប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​លោក តាម​ព្រះ‌បន្ទូល​សន្យា​ដដែល។ លោក​អប្រាហាំ​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយ​ដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។
ដោយ‌សារ​ជំនឿ លោក​ស្រី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា បើ​ព្រះ‌ជាម្ចាស់​សន្យា​យ៉ាង​ណា ព្រះអង្គ​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។

បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។ អ្នក​ណា​និយាយ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។ ប្រសិន​បើ​បុព្វបុរស​ទាំង​នោះ​នឹក​ស្រុក​ដែល​លោក​បាន​ចាក​ចេញ​មក លោក​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។ តាម​ពិត ពួក​លោក​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​ស្ថាន​បរម‌សុខ*​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ព្រះអង្គ​ថា ជា​ព្រះ​របស់​បុព្វបុរស​ទាំង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ក្រុង​មួយ សម្រាប់​ពួក​លោក​រួច​ទៅ​ហើយ។

ដោយ‌សារ​ជំនឿ លោក​អប្រាហាំ​បាន​យក​អ៊ីសាក​ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ព្រះ‌ជាម្ចាស់​ល្បង‌ល​មើល​ចិត្ត​លោក។ លោក​ថ្វាយ​កូន​តែ​មួយ​គត់​របស់​លោក ថ្វី‌ដ្បិត​តែ​លោក​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា ហើយ​ថ្វី‌ដ្បិត​តែ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា «អ៊ីសាក​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»​ក៏​ដោយ។ លោក​យល់​ឃើញ​ថា ព្រះ‌ជាម្ចាស់​មាន​ឫទ្ធា‌នុភាព​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ លោក​ក៏​បាន​ទទួល​កូន​មក​វិញ ដែល​ជា​និមិត្ត‌រូប​មួយ។
ដោយ‌សារ​ជំនឿ លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប និង​លោក​អេសាវ ទុក​សម្រាប់​អនាគត។
ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ាកុប​ហៀប​នឹង​ទទួល​មរណ‌ភាព លោក​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​លោក​យ៉ូសែប ហើយ​លោក​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។
ដោយ‌សារ​ជំនឿ ពេល​លោក​យ៉ូសែប​ជិត​លា​ចាក​លោក​នេះ​ទៅ លោក​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រា‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​លោក​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ធាតុ​របស់​លោក។

ដោយ‌សារ​ជំនឿ ពេល​លោក​ម៉ូសេ​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​លោក​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។
ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសេ​ធំ​ពេញ​វ័យ​ហើយ លោក​មិន​ព្រម​ឲ្យ​គេ​ហៅ​លោក​ថា​ជា​កូន​របស់​បុត្រី​ព្រះចៅ​ផារ៉ោន​ទេ។ លោក​សុខ​ចិត្ត​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ‌ភ្លែត ។ លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ត ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។ ដោយ‌សារ​ជំនឿ លោក​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​លោក​កាន់​ចិត្ត​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​ព្រះ‌ជាម្ចាស់ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។ ដោយ‌សារ​ជំនឿ លោក​បាន​ធ្វើ​ពិធី​បុណ្យ​ចម្លង* និង​ប្រោះ​ឈាម ដើម្បី​កុំ​ឲ្យ​មច្ចុរាជ ​បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ ​ស្លាប់​អស់​ទៅ។
ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដើរ​ជុំ‌វិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។
ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។

តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំសុន លោក​យ៉ែប‌ថា ព្រះ‌បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ព្យាការី​នានា​ទេ។ ដោយ‌សារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ បាន​បិទ​មាត់​សិង្ហ បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។ ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។ អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ‌ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។ លោកីយ៍​ពុំ​ស័ក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។

ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខីភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​ព្រះ‌បន្ទូល​សន្យា​ដែរ។ ដោយ​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ព្រះអង្គ​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

(អានបន្ថែម)

ភាសាខ្មែរ
Scroll to Top